បាល់ទាត់៖ ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរ ទៅដល់សាធារណរដ្ឋកូរ៉េហើយនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីចាកចេញពីមាតុភូមិកាលពីម៉ោង ១១៖៥៥នាទីយប់មិញ ប៉ុន្តែរង់ចាំរយៈពេល ១៦ម៉ោងទៀតមុនបន្ដដំណើរឆ្ពោះទៅប្រទេសបារ៉ែន ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC ជុំទី២។
ប៉ុន្តែមុនចាកចេញពីកម្ពុជា កីឡាករវ័យច្រើនជាងគេក្នុងក្រុមគឺកីឡាករ គួច សុកុម្ភៈ បានជំរុញដល់កីឡាករវ័យក្មេងដែលទើបជាប់ជម្រើសជាតិលើកដំបូង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីក្ដោបឱកាសមាសនេះ ព្រោះនេះគឺជាឱកាសដ៏កម្រសម្រាប់ពួកគេ។ លើសពីនេះ សុកុម្ភៈ ក៏មានក្ដីបារម្ភមួយចំនួនក្នុងការប្រកួតជម្រុះ FIFA World Cup Qatar 2022 នៅបារ៉ែននេះដែរ ពិសេសលើកីឡាករក្មេងៗតែម្ដង។ គួរបញ្ជាក់ថា បេសកកម្មក្រៅស្រុកលើកដំបូងដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក Ryu Hirose នេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចំណាយពេលធ្វើដំណើររហូតដល់ ៣៨ម៉ោងឯណោះទើបដល់ប្រទេសបារ៉ែន ពោលគឺក្រុមគោព្រៃកម្ពុជា គ្រោងធ្វើដំណើរដល់ទឹកដីកណ្ដាល ដើម្បីប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក គឺប្រទេសបារ៉ែននាវេលាម៉ោង ២៖២៥នាទីរសៀលថ្ងៃទី២៩ ខែឧសភា។
ប៉ុន្តែមុនចាកចេញពីមាតុភូមិ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានធ្វើការជួបសំណេះសំណាល និងជូនពរកីឡាករ ព្រមទាំងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវបំពេញបេសកកម្មចូលរួមប្រកួត ជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះផងដែរ។ សូមបញ្ជាក់ថា កម្ពុជានៅសល់ ៣ប្រកួតទៀតសម្រាប់បេសកកម្មលើកនេះ រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ហើយទាំង ៣ប្រកួតនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕