(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់១-២.៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕