(ហ្សឺណែវ)៖ ប្រធានមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់យូនីសេហ្វ (UNICEF) នៅថ្ងៃចន្ទនេះបានស្នើដល់ក្រុមបណ្តាប្រទេស G7 ឱ្យបរិច្ចាគវ៉ាក់សាំងដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាក់ស៍ (COVAX) ដែលជាវិធានការចាំបាច់ និងបន្ទាន់មួយ ដើម្បីដោះស្រាយកង្វះខាតធ្ងន់ធ្ងរ ដែលបានបណ្តាលមកពីការផ្អាក ការនាំចេញវ៉ាក់សាំងពីឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
អង្គការ UNICEF ដែលទទួលបន្ទុកលើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 តាមរយៈគម្រោង COVAX បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់វ៉ាក់សាំង គឺមានភាពខ្វះខាតប្រហែល ១៤០លានដូសនៅចុងខែឧសភា និងប្រហែល ១៩០លាននៅចុងខែមិថុនា។
ជុំវិញបញ្ហានេះ ប្រធានអង្គការ UNICEF លោកស្រី ហិនរាតតា ហ្វ័រ (Henrietta Fore) បានលើកឡើងថា «ការចែករំលែកវ៉ាក់សាំងដែលលើស គឺជាកម្រិតតិចតួចបំផុត តែវាជាវិធានការដ៏ចាំបាច់ និងបន្ទាន់មួយ ហើយវាត្រូវការបំផុតនាពេលបច្ចុប្បន្ននេះ ព្រោះវាអាចជួយការពារប្រទេស ដែលងាយរងគ្រោះបំផុតចេញពីការក្លាយជាចំណុចក្ដៅ នៃការឆ្លងរាលដាលជំងឺ COVID-19 នៅលើពិភពលោក»។
តាមរយៈការស្រាវជ្រាវថ្មីពីក្រុមហ៊ុនស្រាវជ្រាវ និងវិភាគវិទ្យាសាស្ត្រ អ៊ែរហ្វីនីធី (Airfinity) លោកស្រី Henrietta Fore បានមានប្រសាសន៍បន្ថែមថា ក្រុមបណ្ដាប្រទេស G7 អាចបរិច្ចាគវ៉ាក់សាំងចំនួន ១៥៣លានដូស ប្រសិនបើពួកគេចែកចាយតែ ២០ភាគរយនៃវ៉ាក់សាំងដែលពួកគេមាននៅខែមិថុនា ខែកក្កដា និងខែសីហា។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលផលិតឡើងដោយវិទ្យាស្ថានស៊ែរឹម (Serum) របស់ខ្លួន ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលរលកទី ២ នៃជំងឺ COVID-19 ដ៏កាចសាហាវនេះ៕