(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេជូនដល់កុមារ និងមនុស្សជំទង់ ដោយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ជូនដល់បណ្ដាប្រទេសក្រីក្រវិញ ខណៈដែលមានការព្រមានថា ឆ្នាំទី ២ នៃការឆ្លងរាតត្បាត COVID-19 មើលទៅហាក់បីដូចជាមានគ្រោះថ្នាក់ ដល់អាយុជីវិតកាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។
អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា «ខ្ញុំយល់ពីមូលហេតុដែលប្រទេសខ្លះ ចង់ចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់របស់ពួកគេ ប៉ុន្តែឥឡូវនេះខ្ញុំសូមជំរុញពួកគេ ឱ្យធ្វើការពិចារណា ហើយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ទៅដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាកស៍ (COVAX) ដើម្បីធានាបានថា ប្រទេសដែលត្រូវការបំផុតអាចបានទទួលការការពារ»។
លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់បន្ថែមថា «បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ សូម្បីតែសម្រាប់ចាក់ជូនដល់បុគ្គលិកសុខាភិបាល ហើយមន្ទីរពេទ្យកំពុងលិចលង់ជាមួយក្រុមមនុស្ស ដែលត្រូវការការថែទាំសង្គ្រោះបន្ទាន់»។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន AFP វ៉ាក់សាំងបង្ការជំងឺ COVID-19 ជិត ១.៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស និងដែនដីយ៉ាងហោចណាស់ ២១០នៅជុំវិញពិភពលោក ក្នុងនោះមានវ៉ាក់សាំងចំនួន ៤៤ភាគរយត្រូវបានចាក់ជូនប្រជាជន នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលស្មើនឹង ១៦ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែមានវ៉ាក់សាំងតែ ០.៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបបំផុតចំនួន ២៩៕