(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសបើកដំណើរការឡើងវិញហើយ សម្រាប់មណ្ឌលផ្តល់សេវាសាធារណៈទាំងអស់របស់ក្រសួង។
ប្រជាពលរដ្ឋទាំងអស់ ដែលនៅតាមតំបន់ ដែលរាជរដ្ឋាភិបាលបើក ឱ្យធ្វើចររាចរណ៍ឡើងវិញ អាចទៅទទួលយកការផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានហើយ ដែលមានដូចជា៖ មណ្ឌលផ្តល់សេវាសាធារណៈនៅទីស្តីការក្រសួង, មណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបជីបម៉ុង ណូរ៉ូមល, មណ្ឌលផ្តល់បណ្ណបើកបរទីតាំងផ្សារទំនើបអ៊ីអន១ និង អ៊ីអន២ និងអាចទៅទទួលសេវាមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គ្រប់ទីតាំង។
ជាមួយគ្នានោះក្រសួងសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពគោលការណ៍ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕