(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សេចក្តីណែនាំនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មានបានសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូចនៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ តាមវិធានការដែលបានកំណត់នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយ។
ឆ្លើយតបនឹងករណីនេះ ក្រសួងព័ត៌មានបានធ្វើការណែនាំដូចខាងក្រោម៖
១៖ តំបន់ក្រហម៖ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់ បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ។ លើកលែងតែអង្គភាពសារព័ត៌មាននោះជា ក្រុមការងាររបស់អង្គភាពអនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាន និងអង្គភាពដែលមានលិខិតបញ្ជាក់ ពីក្រសួងព័ត៌មានទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។
២៖ តំបន់លឿងទុំ៖ ការធ្វើដំណើររបស់អ្នកសារព័ត៌មានដោយមានភ្ជាប់ជាមួយនូវឯកសារ បញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួង ព័ត៌មាន និងត្រូវកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរមកត្រឹមកម្រិតអប្បបរមា។ ការធ្វើដំណើរ ត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីចាំបាច់ដោយមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
៣៖ តំបន់លឿង៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់។ ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយ ផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕