(ញូដេលី)៖ ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៩ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១៨.៧៥លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៣៨៦,៤៥២នាក់ទៀត ត្រូវបានរាយការណ៍ (ជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត) ខណៈអ្នកជំងឺរហូតដល់ ៣,៤៩៨នាក់បានស្លាប់ (ថយចុះជាងពីថ្ងៃព្រហស្បតិ៍ម្សិលមិញបន្តិច)។ ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ជាង ២០៨,៣០០នាក់, ១៥.៣៧លាននាក់ជាសះស្បើយឡើងវិញ និង ៣.១៧លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។
ស្ថិតនៅចំពោះការអំពាវនាវពីអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន ឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។
គួរបញ្ជាក់ថា យន្ដហោះយោធាដំបូងគេរបស់សហរដ្ឋអាមេរិក បានដឹកជញ្ជូនជំនួយបន្ទាន់ក្នុងនោះរួមមានទាំងអុកស៊ីសែន, ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដ រហ័សជាដើមទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃសុក្រនេះ ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង ១០០លានដុល្លារ នឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត។ ឥណ្ឌាក៏កំពុងជំរុញការផលិតអុកស៊ីសែនក្នុងស្រុកផងដែរ ដែលអាចនឹងបង្កើនចំនួនផ្គត់ផ្គង់រហូតដល់ ២៥% បន្ថែមទៀត នៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខ៕