(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ដែលឈរជើងប្រចាំការនៅតាមបណ្តាlគោលដៅទាំងអស់ ត្រូវតែអនុវត្តការងារឱ្យបានត្រឹមត្រូវ និងមុឺងម៉ាត់បំផុត ជាពិសេសតំបន់រងការឆ្លងខ្លាំង ក្នុងតំបន់ក្រហម ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា ការចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីដែលឈរជើងនៅតាមបណ្តាលគោលដៅរបស់លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងចំថ្ងៃដំបូង នៃការអនុវត្តតាមវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មែ នៃខេត្តកណ្តាល បន្តរយៈពេល ៧ថ្ងៃទៀត ខណៈអាជ្ញាធរបានបែងចែកជា៣តំបន់ រួមមានតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង ក្នុងភូមិសាស្រ្តតាមបណ្តាលគោលដៅនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។
ប្រការ២ កំណត់ថា ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។
* «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។
* «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
* «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម», «តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល៕