(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ធ្វើឡើងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការលក់នេះទៀតសោត គឺស្ថិតក្នុងតម្លៃអនុគ្រោះជាពិសេស ហើយមានការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ ក្នុងពេលចុះពិនិត្យស្តង់លក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។
ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀអាហារជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ហាមឃាត់តឹងរឹងមិនឱ្យមានការធ្វើចរាចរ និងការធ្វើអាជីវកម្មផ្សេងៗនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន ៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន ២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ស្បៀងអាហារដែលលក់នោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា ទំនិញទាំងអស់ជាទំនិញបម្រុងរបស់រាជរដ្ឋាភិបាល ហើយត្រូវបានយកមកលក់ចូនប្រជាពលរដ្ឋក្នុងតម្លៃដើម ហើយបានត្រួតពិនិត្យគុណភាព និងតម្លៃយ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប.។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃយ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់»។
លោក ប៉ាន សូរស័ក្តិ បានអះអាងថា ក្រសួងមិនបានធ្វើអាជីវកម្មជាមួយប្រជាពលរដ្ឋតាមរយៈការលក់ដូរទំនិញទាំងអស់នេះឡើយ។ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៣-២៧ ខែមេសា ឆ្នាំ២០២១ ការលក់តាមស្តង់ទាំង ១១ទីតាំង បានលក់អង្ករ ១, ៣៦២បាវ មីជាតិ ៤,៣៣១កេស ទឹកត្រី ១,២២៧យួរ ទឹកស៊ីអ៉ីវ ១,១៩១យួរ ត្រីខ ២,៧៦៣យួរ ឆៃប៉ូវ ៤៨៣ថង់ និងទឹកសុទ្ធ ៨៨កេស ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។
ដើម្បីជាជំនួយដល់ការទិញរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ដូចជា៖ ០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕