(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាសជូនសាធារណជនជ្រាបថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីផ្លូវការណាមួយ ស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» នៅឡើយនោះទេ។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា លោកមានការសោកស្តាយចំពោះការនាំគ្នាចែកចាយតាមបណ្តាញសង្គមនូវផែនទីកំណត់ទីតាំងមិនផ្លូវការ ស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋរង់ចាំការចេញសេចក្តីប្រកាសផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញដោយមានចុះលេខ ថ្ងៃខែឆ្នាំ និងត្រា ត្រឹមត្រូវរបស់សាលារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានសរសេរថា ការកំណត់ទីតាំងតំបន់ទាំង៣ គឺធ្វើឡើងដោយគណៈអភិបាលរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្ត។ ហើយសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា នឹងចូលជាធរមានចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
លោក ម៉េត មាសភក្តី សំណូមពរបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»៕