(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តពន្លឿនការងារដើម្បីឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ ការខិតខំជំរុញការងារអត្តសញ្ញាណកម្ម ទៅក្នុងសេវាច្រកចេញចូលតែមួយដែលពេលនេះ កំពុងអនុវត្តសាកល្បង និងការកសាងប្រព័ន្ធផ្ទុកគ្រប់គ្រងទិន្នន័យ និងធនធានមនុស្ស។
នេះបើយោងតាម Facebook ផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។ សម្តេចបានថ្លែងក្នុងឱកាសដែលសម្តេចបានដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺជាការបន្តកិច្ចពិភាក្សា ដើម្បីឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីក្រសួងក៏ទើបតែបានឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានមួយចំនួនរួចមកហើយ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពក្នុងការចាត់ចែងការងារ និងតួនាទីរបស់អគ្គនីមួយៗ។
សម្ដេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា នៅឆ្នាំ២០២០នេះ ថ្វីដ្បិតថាយើងគ្រប់គ្នាបានដឹងរួចមកហើយ នូវការប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ ដែលអាចធ្វើឱ្យផែនការសកម្មភាពមួយចំនួនមិនអាចសម្រេចទៅបានតាមការគ្រោងទុក ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀតដែរ៕