(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារបញ្ជាក់ថា សម្តេចកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល តាមជើងយន្តហោះកម្ពុជាពិសេស ទៅកាន់ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ។
តាមរយៈ Facebook ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ»។
សម្តេចបានថ្លែងបន្តថា តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ សម្តេចនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។
សម្តេចបន្តទៀតថា ពេលមកដល់កម្ពុជាភ្លាម សម្តេចនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។
សម្តេចបានអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
សម្តេចបញ្ជាក់ថា «អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។ សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល»៕