(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៤៤៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៣០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែល ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៤៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ៣៣១នាក់, ខេត្តបន្ទាយមានជ័យ ១នាក់, ខេត្តបាត់ដំបង ១នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ស្ពឺ ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៥នាក់, ខេត្តកណ្តាល ២១នាក់ និងខេត្តព្រះសីហនុ ៨២នាក់។
សម្រាប់អ្នកជាសះស្បើយទាំង១៣០នាក់វិញ គឺមាន៣នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ១២៧នាក់ផ្សេងទៀត សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨ ១៩៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧ ៦៤៨នាក់, អ្នកជាសះស្បើយចំនួន ២ ៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥ ២០៤នាក់, អ្នកស្លាប់ចំនួន ៥៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៦នាក់៕