(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានណែនាំដល់កន្លែងផ្តល់សេវាសុខាភិបាលស្របច្បាប់ មានដូចជាមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរ សម្រាកព្យាបាល និងមន្ទីរសម្ភព ដែលមានបំណងប្រើប្រាស់ឧបករណ៍តេស្តមេរោគកូវីដ១៩រហ័ស (Rapid Antigen test Covid-19) ត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ឧបករណ៍នេះ។
ការណែនាំ និងក្រើនរំលឹករបស់ក្រសួងសុខាភិបាល បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ថា គោលការណ៍ណែនាំលើការប្រើប្រាស់ឧបករណ៍នេះ ក្រសួងនឹងចេញនាពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឱ្យកន្លែងផ្តល់សេវាសុខាភិបាលស្របច្បាប់ទាំងអស់អាចប្រើប្រាស់ឧបករណ៍ «Rapid Antigen test Covid-19» ផងដែរ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។
លោកស្រីបានលើកឡើងដែរថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕
ចាប់ពីពេលនេះទៅ ពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យហើយ គឺធ្វើតេស្ដនៅនឹងកន្លែងតែម្ដង បើវិជ្ជមានយើងនឹងបញ្ជូនគាត់ទៅព្យាបាល នៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ចល័តចេញពីតំបន់ ឬសង្កាត់ដែលគាត់រស់នៅ ជាពិសេសងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍៕