(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់បន្ថែមទៀត។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា អ្នកដែលទទួលមរណភាពនេះរួមមាន បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។
ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៤៥នាទី។
ករណីទមួយទៀតជាស្ត្រីជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈ មណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៤០នាទី បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩។
ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២៖៣៥នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ការស្លាប់របស់អ្នកជំងឺទាំងពីរនាក់នេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានអ្នកជំងឺកូវីដ១៩ចំនួន ៤៣នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៕