(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១០៥នាក់ ក្នុងនោះករណីនាំចូលម្នាក់ និង១០៤នាក់សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង១០៥នាក់ក្នុងនោះមានម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣៦ឆ្នាំ មកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងអ្នកឆ្លង១០៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៩៣នាក់, ជនជាតិចិន១០នាក់ និងវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងតាកែវ។
ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៣៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៧៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១១៨៦នាក់, ស្លាប់ចំនួន១១នាក់ និង៤នាក់ទៀត ស្លាប់ដោយសារជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕