(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់ជាផ្លូវពីការស្លាប់របស់ស្ត្រីម្នាក់នៅខេត្តព្រះសីហនុ ដែលជាអ្នកជំងឺវិជ្ជមានកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ស្ត្រីរូបនេះបានស្លាប់បាត់បង់ជីវិត ដោយសារការធ្លាក់ឈាមខ្លាំង(ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន)។ ស្ត្រីខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរៃ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់ស្ត្រីនេះ ដើម្បីធ្វើវិភាគរកវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យទទួលបានលទ្ធផលវិភាគវត្ថុសំណាករបស់គាត់ពីមន្ទីរពិសោធន៍វិទ្យាប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺខាងលើនេះ មានសភាពធ្ងន់ធ្ងរ ដោយមានការហូរឈាមក្រពះយ៉ាងច្រើនគំហុក បូករួមនិងការហូរឈាមរដូវខ្លាំងផងដែរនោះ បានបណ្ដាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១៦៖៣០នាទីរសៀល។ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស និងមានការបញ្ចូលឈាមក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន៕