(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការស្លាប់របស់ជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត ដែលបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី នាព្រឹកថ្ងៃទី២២ ខែមីនានេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកស្លាប់នេះ គឺបុរសវ័យ៧៥ឆ្នាំ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខខ្លាំង។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារ បានចូលនិវត្តន៍។
សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះផង។
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ឡៅ សុវណ្ណា បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕