(វ៉ាស៊ីនតោន)៖ ហេតុការណ៍មួយបានកើតឡើង ចំពោះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលមានវ័យ ៧៨ឆ្នាំទៅហើយ ដោយលោកបានដួលជំពប់ជាច្រើនដង ពេលធ្វើដំណើរឡើងកាំជណ្តើរ ទៅលើយន្តហោះពិសេស Air Force One។ នេះបើតាមការចេញផ្សាយសារព័ត៌មានអន្តរជាតិធំៗ នាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន)។
តាមរយៈខ្សែវីដេអូដែលត្រូវបានថតចេញពីជ្រុងនានា ទៅលើដំណើរឡើងយន្តហោះ របស់លោក ចូ បៃដិន គេសង្កេតឃើញថា លោកបានដួលជំពប់ជើងចំនួនបីលើកឯណោះ ដោយលើកទី៣ ពេលដល់ពាក់កណ្តាលកាំជណ្តើរ លោកបានដួលខ្ទប់ក្បាលជង្គង់នឹងជណ្តើរមួយសន្ទុះខ្លី រួចទើបលោកប្រឹងប្រមូលកម្លាំងភ្លាមៗ ហើយដើរឡើងទៅលើយន្តហោះជាធម្មតា ដើម្បីសំដៅទីកាន់ទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia)។
ឯសេតវិមានទីក្រុងវ៉ាស៊ីនតោនក៏បានចេញមុខអះអាងដែរថា លោកប្រធានាធិបតី ចូ បៃដិន មិនមានរបួសអ្វីនោះទេ ហើយលោកនៅតែមានសុខភាពល្អ ១០០ភាគរយ។
គួរបញ្ជាក់ថា លោក ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី Kamala Harris បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអាត្លង់តា នៃរដ្ឋចចចៀ ដើម្បីបង្ហាញការ គំាទ្រ និងជួបសំណេះសំណាលជាមួយ សហគមន៍ពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ក្រោយខ្មាន់កាំភ្លើងស្បែកសម្នាក់បានបាញ់សម្លាប់មនុស្ស ០៨នាក់់ ក្នុងនោះមានស្រ្តី ០៦នាក់ជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី កាលពីដើមសប្ដាហ៍នេះ ដែលកំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអំពើហិង្សារើសអើងពូជសាសន៍ នៅក្នុងទឹកដីប្រទេសមហាអំណាចមួយនេះ៕