(ភ្នំពេញ)៖ ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច។
តាមការព័ត៌មានបានឲ្យដឹងថា លោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។
លោកស្រី ងឿន សុថានី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។
អ្នកជំងឺឈ្មោះ ងឿន សុថានី មានទឹងនោមផ្អៃម លើសឈាម និងជំងឺធាត់កំរឹត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ មានអាការៈហត់ខ្លាំង។
អការៈឃើញមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអ៊ុកស៉ីសែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់នៅថ្ងែទី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១៖៤៥នាទីដោយរលាកសួតខ្លាំង ស្លោលបេះដូងខ្លាំង ដោយសារមេរោគកូវីដ១៩ លើអ្នកជំងឺទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំង។
រហូតដល់ពេលនេះ មានអ្នកជំងឺ២នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយជនទី១ ជាបុរសអាយុ៥០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែរ បានស្លាប់ដោយសារជំងឺបេះដូង ពេលកំពុងសម្រាកព្យាបាល។
គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ ៕