(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន៥៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺទាំង៣៦នាក់នោះរួមមាន៖ ម្នាក់ជាស្ត្រីជនជាតិហ្វីលីពីន បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ និង៣៥នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលមានជនជាតិខ្មែរចំនួន ២៣នាក់, ជនជាតិវៀតណាមចំនួន ៩នាក់, ជនជាតិចិន២នាក់ និងជនជាតិអាមេរិកម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ចំណែនអ្នកជាសះស្បើយទាំង៥៨នាក់វិញ រួមមាន៖ ជនជាតិខ្មែរ និងជនជាតិឥណ្ឌូនេស៉ី ចំនួន៤នាក់ ដែលជាអ្នកដំណើរមកពីក្រៅប្រទេស និង៥៤នាក់ ជាអ្នកជំងឺឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ ចំនួន១២នាក់, ជនជាតិចិនចំនួន ៣៥នាក់, ជនជាតិវៀតណាម ៥នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕