(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩។
តាមរយៈសារសំឡេងណែនាំមួយចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ។
តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពង ដែលអ្នកកើតជំងឺកូវីដ១៩ ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។
សម្តេចតេជោ បានថ្លែងស្នើយ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។
ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុងសង្គម។ ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕