(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បង្កើតឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។ រីឯទោសបញ្ញត្តិ គឺដាក់សម្រាប់តែជនទុច្ចរិតដែលមានបំណងបង្កការចម្លងជំងឺតែប៉ុណ្ណោះ។
ច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។ ច្បាប់នេះ ត្រូវបានតាក់តែង និងបង្កើតឡើងក្នុងល្បឿនមួយដ៏ឆាប់រហ័សបំផុតចំពេលដែលប្រទេសកម្ពុជា កំពុងរីករាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ និងក្រោយពេលបានពិនិត្យឃើញថា ជនមួយចំនួនមិនគោរពតាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ច្បាប់ដែលមាន៦ជំពូក និង១៨មាត្រា បានចែងពីការដាក់ទោសធ្ងន់ធ្ងរចំពោះជនមិនចូលរួមអនុវត្តន៍តាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ ដោយមានកម្រិតផាកពិន័យធ្ងន់ធ្ងរ និងដាក់ពន្ធនាគារផងដែរ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានប្រតិកម្មចំពោះការបង្កើតច្បាប់នេះ។ ពួកគេបានចាត់ទុកច្បាប់នេះថា ជាចេតនាមួយបន្ថែមទៀត ក្នុងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីថ្លែងការណ៍ការពារច្បាប់នៅវិមានព្រឹទ្ធសភា លោក កើត រិទ្ធ បានគូសបញ្ជាក់ថា ច្បាប់នេះបានកសាងឡើងក្រោយពេលកម្ពុជា បានពើបប្រទះនឹងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺមួយមានសភាពស្រួចស្រាវធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ សេដ្ឋកិច្ចសង្គម និងបង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋផងដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ច្បាប់នេះបង្កើតឡើង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លង ការរីករាលដាលនៃជំងឺនៅក្នុងសហគមន៍កម្ពុជា ជាពិសេសគឺការពារអាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈ។
លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់នេះធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈប្រជាជន។ ចំពោះទោសបញ្ញត្តិវិញយើងនិយាយជារួម ទោសបញ្ញត្តិនេះបង្កើតឡើង ដើម្បីដាក់ទោសចំពោះជនខិលខូច និងជនទុច្ចរិត ដែលចង់បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសុខភាពសាធារណៈតែប៉ុណ្ណោះ»។
លោក កើត រិទ្ធ បានបញ្ជាក់បន្ថែមថា «សម្រាប់ប្រជាពលរដ្ឋដែលគោរពតាមវិធានការត្រឹមត្រូវរបស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាលធានាបានមិនឱ្យមានការឆ្លងរាលដាល ធ្វើឱ្យសហគមន៍របស់យើងអាចវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ ច្បាប់នេះអត់យកទៅអនុវត្តន៍ចំពោះពួកគាត់ទេ។ ទោសបញ្ញត្តិនេះ គេអនុវត្តន៍តែចំពោះជនខិលខូច ចំពោះជនទុច្ចរិត ដែលមានចេតនាធ្វើឱ្យសង្គមកម្ពុជាមានភាពវឹកវរតែប៉ុណ្ណោះ»។
ឆ្លើយតបក្រុមសិទ្ធិមនុស្សដែលប្រតិកម្មនោះ លោក កើត រិទ្ធ បានចោទជាសំណួរថា បង្កើតច្បាប់ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ បង្កើតច្បាប់ដើម្បីកម្ចាត់ជនទុច្ចរិត តើខុសដែរអី?
សូមបញ្ជាក់ថា ច្បាប់ជំងឹកូវីដ១៩ ដែលដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១១ ខែមីនា នេះ បានកំណត់ទោសបញ្ញត្តិធ្ងន់ធ្ងរ។
* មាត្រា៧៖ បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក កំណត់ថា អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០ (ដប់លាន)រៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។
* មាត្រា៨៖ បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។
* មាត្រា៩៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ កំណត់ថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ កាលបើអំពើខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង។
* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១,០០០,០០០ (មួយលាន) រៀល ទៅ៥,០០០,០០០(ប្រាំលាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០(ពីរលាន)រៀល ទៅ ១០,០០០,០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥,០០០,០០០(ប្រាំលាន)រៀល ទៅ ២០,០០០,០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន)រៀល ទៅ ១០,០០០,០០០(ដប់លាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០,០០០(ប្រាំលាន)រៀល ទៅ ២០,០០០,០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕