មីយ៉ាន់ម៉ា៖ ខណៈកំពុងលុតជង្គង់នៅលើដីនៅខាងមុខកងកម្លាំងយោធា ក្នុងទីក្រុងមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដូនជី Ann Rose Nu Tawng បានអង្វរក្រុមនគរបាលប្រដាប់អាវុធឲ្យទុកជីវិតឲ្យកុមារៗ និងយកជីវិតរបស់គាត់ជំនួសវិញ។
ដូនជីម្នាក់ដែលធ្លាប់បានលុតជង្គង់ នៅចំពោះមុខនគរបាលបង្រាបកុបកម្ម អំឡុងមានបាតុកម្មមួយនៅទីក្រុងមីយីតគីណាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បានលុតជង្គង់ជាថ្មីទៀតនៅចំពោះមុខក្រុមមន្ត្រីកាលពីថ្ងៃច័ន្ទ ក្នុងគោលបំណងរារាំងពួកគេមិនឲ្យបង្ក្រាបបាតុករ នៅភាគខាងជើងទីក្រុងនេះ។ ដូនជីរូបនេះបានប្រាប់ AFP កាលពីថ្ងៃអង្គារថា “ខ្ញុំបានលុតជង្គង់សុំអង្វរពួកគេកុំឲ្យបាញ់សម្លាប់ និងធ្វើទារុណកម្មក្មេងៗ ហើយបាញ់សម្លាប់ខ្ញុំជំនួសវិញទៅ។ សកម្មភាពដ៏ក្លាហានរបស់គាត់ នៅទីក្រុងមីយីតគីណាកាលពីថ្ងៃច័ន្ទបានកើតឡើង ខណៈពេលដែលសហភាពមីយ៉ាន់ម៉ា កំពុងតស៊ូជាមួយនឹងភាពវឹកវរ បន្ទាប់ពីការបណ្តេញមេដឹកនាំស៊ីវិល លោកស្រី Aung San Suu Kyi ចេញពីតំណែងកាលពីថ្ងៃទី១ ខែកុម្ភៈពីសំណាក់យោធា៕