(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពរបស់ កិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។ របៀបវារៈសំខាន់មួយទៀត ក្នុងកិច្ចប្រជុំនេះ គឺកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។
សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
សេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅព្រឹទ្ធសភាឲ្យពិនិត្យលទ្ធភាព និងរកវិធីអនុម័ត សេចក្តីព្រាងច្បាប់នេះ ឲ្យបានលឿនបំផុត៕