(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការកត់សម្គាល់ថា រយៈពេលមួយសប្តាហ៍នៃការអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការថយចុះច្រើន។
តាមរយៈទំព័រ Facebook នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ សម្តេចក៏បានអរគុណដល់ងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចខ្លួនបានល្អប្រសើរ។
សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងទំព័រ Facebook របស់សម្តេចផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនា និងកែលំអរ។
សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែល្អប្រសើរឡើង។ សម្តេច បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាន់ល្អប្រសើរធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេស និងប្រជាពលរដ្ឋស៊ីវិល័យ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាមួយការផាកពិន័យខ្ពស់ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងនាំមកនូវរបៀបរៀបរយ សណ្តាប់ធ្នាប់លើដងវិថីកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៨ ខែឧសភា ក៏បានដឹកនាំសមាជិក សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលើលទ្ធផលនៃការអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះផងដែរ។
ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ជាលទ្ធផលនៃការអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេលមួយសប្តាហ៍នេះ នគរបាលចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យឃើញបទល្មើស និងធ្វើការពិន័យចំពោះយានយន្ដល្មើសច្បាប់សរុបចំនួន ១៣,៩៦៨ករណី ក្នុងនោះ មានក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង ៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី នឹង២៣ភាគរយ។
របាយការណ៍បានបង្ហាញទៀតថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន។ រយៈពេលមួយសប្តាហ៍នេះ គ្រោះថ្នាក់ចរាជណ៍បានកើតឡើងចំនួន ៤៣លើក មានការថយចុះចំនួន ៥២លើក ស្មើនឹង៥៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែឧសភា ឆ្នាំ២០១៩។ គ្រោះថ្នាក់ចរាចរណ៍៤៣លើកនេះ មានអ្នកស្លាប់ ២៤នាក់ ថយចុះ ១៦នាក់ ស្មើនឹង ៤០ភាគរយ មានអ្នករបួស ៥៦នាក់ ថយចុះ ៥៩នាក់។
ដោយឡែកបើធៀបនឹងសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២០វិញ ឃើញថាអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍មួយសប្តាហ៍នេះ បានថយចុះចំនួន១២លើក ស្មើនឹង ២២ភាគរយ ក្នុងនោះអ្នកស្លាប់ថយចុះ ១១នាក់ ស្មើនឹង ៣១ភាគរយ អ្នករបួសថយចុះ ២នាក់ ស្មើនឹង ៣ភាគរយ។
ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ថា អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តន៍ច្បាប់មានស្មារតីបន្តអនុវត្តភារកិច្ចកាន់តែសកម្មខ្លាំងក្លាថែមទៀត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ដែរថា ការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺដើម្បីជាខាការពារូបរាងកាយ អាយុ ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងលើកកម្ពស់ខ្វកិត្តិយស សេចក្ដីថ្លៃថ្នូរ សីលធម៌របស់ សង្គមជាតិ។
វិធានការនេះ ជាជម្រើសដ៏ល្អបំផុត ក្នុងចំណោមវិធានការអាទិភាពដទៀត ដែលរាជរដ្ឋាភិបាលបានកំណត់យក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលតែងធ្វើឱ្យប្រជាពលរដ្ឋ ពិការ បាត់បង់ជីវិត និងខូចតទ្រព្យសម្បត្តិជាច្រើន ដោយសារការធ្វើចរាចរណ៍ ឬការប្រើប្រាស់ផ្លូវ ដោយមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងដែរថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងមានការព្រួយបារម្ភជានិច្ចចំពោះ ភយន្តរាយនៃគ្រោះថ្នាក់ចរាចណ៍ដែលកើតឡើងជាយថាហេតុកន្លងមក និងគ្មានចេតនាចង់បាននូវប្រាក់ពិន័យពីប្រជាពលរដ្ឋណាម្នាក់ ពោល គឺចង់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានសន្តិសុខ សុវត្ថិភាព គ្រប់ៗគ្នា ដែលក្នុងនោះរួមទាំងការធ្វើចរាចណ៏ផងដែរ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា កងកម្លាំងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងបន្តការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបទៅដោយភាពម៉ឺងម៉ាត់ និងសីលធម៌វិជ្ជា ជីវបន្តទៀត។
ដើម្បីបន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវយ៉ាងទទូចដល់សាធារណជនគ្រប់រូបដែលប្រើប្រាស់យានយន្ត យកចិត្តទុកដាក់ទៅធ្វើប័ណ្ណបើកបរ យកយានយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបំពេញកាតព្វកិច្ចផ្សេងទៀតដែលច្បាប់បានកំណត់ ប្រកបដោយស្មារតីភ្ញាក់រលឹកខ្ពស់៕