បាល់ទាត់៖ ក្នុងជំនួបបើករដូវកាលថ្មីនៃក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២១ ក្រុមវិសាខា និងក្រុមក្មេងខ្ចីខេត្តព្រៃវែងបានចែក ១ពិន្ទុម្នាក់ជាមួយក្រុមភ្ញៀវដូចគ្នា ក្រោយបញ្ចប់ការប្រកួតដ៏តានតឹងកាលពីចុងសប្ដាហ៍កន្លងទៅ។ សម្រាប់ក្រុមវិសាខាគឺបានប្រកួតស្មើ សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ ដោយលទ្ធផល ០–០ នៅកីឡដ្ឋានព្រីនស៍កាលពីល្ងាចថ្ងៃទី០៧ ខែមីនាម្សិលមិញ។
ក្នុងជំនួបបិទទ្វារដើម្បីបង្ការជំងឺកូវីដ–១៩ នេះ ក្រុមទាំងពីរបានព្យាយាមសម្រុកគ្នាយ៉ាងខ្លាំង មិនចាញ់បឹងកេត ប៉ះណាហ្គាវើលដ៏ឡើយ តែក្រោយចប់ការប្រកួត ៩០នាទីក្រុមរកបាន ២៥ពិន្ទុស្មើគ្នាកាលពីឆ្នាំ២០២០ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ រីឯជំនួបសប្ដាហ៍ទី១ របស់ក្រុមទើបឡើងមកបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ គឺក្លិបបាល់ទាត់ខេត្តព្រៃវែងវិញបានប្រកួតស្មើក្រុមខ្លាំងអង្គរថាយហ្គឺរ។ ការប្រកួតដ៏តានតឹងនេះ អង្គរថាយហ្គឺរបានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុននៅនាទី៣៨ ដែលធ្វើសម្រេចដោយកីឡាករ Eliel Da Cruz Guardiano ស្របពេលខេត្តព្រៃវែងក៏មានឱកាសវាយបកដែរ តែធ្វើមិនបានសម្រេច។
ចូលវគ្គទី២ លេងបាន ៥នាទី ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ វុធ តុលា ក៏ឆក់បាល់បានពីខ្សែការពារអង្គរថាយហ្គឺរ ហើយញាក់ទាត់បន្លោះជើងអ្នកចាំទី យី ប៊ុនហេង ជួយឲ្យក្រុមប្រមូលផ្ដុំដោយយុវជន មានប្រភពពីក្លិបបាល់ទាត់វិសាខានេះតាមស្មើ ១–១ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ៩០នាទី ដែលនាំឲ្យក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះក្នុងការប្រកួតនៅកីឡដ្ឋានខេត្តព្រៃវែងនេះ។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យក្រុមទាំង ៤ ឈរលេខរៀងទី៥ ដល់លេខរៀងទី៨ ជាបណ្ដោះអាសន្ន និងមាន ១ពិន្ទុស្មើគ្នាតាមពីក្រោយក្រុមភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៏ និងអគ្គិសនីកម្ពុជា ដែលទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងជំនួបបើករដូវកាលថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ៕