មីយ៉ាន់ម៉ា៖ វីដេអូបានបង្ហាញពីកងកម្លាំងសន្តិសុខនៅសហភាពមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទប្រកាន់ថា បានវាយដំក្រុមអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រនៅទីក្រុងយ៉ាងហ្គោន។ វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី បង្ហាញពីបុគ្គលិកពេទ្យចំនួន ៣នាក់ត្រូវបានដឹកអម ដោយក្រុមនគរបាលតាមរថយន្តសង្គ្រោះ ហើយបានលុតជង្គង់មុនពេលត្រូវបានវាយ ដោយមន្ត្រីផ្សេងៗគ្នាជាច្រើននាក់ ខ្លះនៅក្នុងអង្គភាពបង្ក្រាបកុបកម្ម។
វិទ្យុអាស៊ីសេរី (RFA) បានរាយការណ៍ថា ឧប្បត្តិហេតុបានកើតឡើងកាលពីថ្ងៃពុធ នៅទីក្រុងអូកាឡាបាខាងជើង បន្ទាប់ពីនគរបាលបានបញ្ឈប់រថយន្តសង្គ្រោះ របស់ក្រុមមនុស្សធម៌ Mon Myat Seik Htar ហើយបានបាញ់បង្អួចរថយន្ត។ អង្គការនេះក៏បានរាយការណ៍ផងដែរថា ក្រុមគ្រូពេទ្យត្រូវបាននាំទៅពន្ធនាគារមួយ នៅជាយក្រុងយ៉ាងហ្គោន។ វិទ្យុអាស៊ីសេរីបាននិយាយថា ឧបទ្ទវហេតុនេះត្រូវបានថតដោយកាមេរ៉ា CCTV ពីផ្លូវក្នុងតំបន់លំនៅឋានមួយនៅទីក្រុងអូកាឡាបាខាងជើង។ សារព័ត៌មាន AP មិនអាចបញ្ជាក់កាលបរិច្ឆេទទីតាំង ឬភាពត្រឹមត្រូវនៃរូបភាពវីដេអូនោះបានទេ។
វីដេអូនេះបានបញ្ចេញបន្ទាប់ពីមានសេចក្ដីរាយការណ៍ថ្មីៗ របស់វិទ្យុអាស៊ីសេរីអំពីការវាយដំរបស់នគរបាល ទៅលើបុគ្គលិកពេទ្យ បំផ្លាញឧបករណ៍ពេទ្យ និងការបាញ់ប្រហារទៅលើក្រុមអ្នកស្ម័គ្រចិត្ត ផ្នែកវេជ្ជសាស្ត្រមួយចំនួននៅក្នុងទីក្រុងយ៉ាងហ្គោន ជាទីដែលបានបណ្ដាលឲ្យមនុស្សប្រមាណ ១៨នាក់ស្លាប់នៅក្នុងការតវ៉ានៅសប្ដាហ៍នេះ៕