(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ក្រុមអាយុ៦០ឆ្នាំឡើងចាប់ពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ តទៅ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូន និងធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានដូចខាងក្រោម៖
១៖ ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង មានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើន ហើយសម្រុកមកចាក់ដោយមានការកកស្ទះ និងរង់ចាំយូរនោះ ក្រសួងសុខាភិបាល សូមធ្វើការផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជាបណ្ដោះអាសន្នសិន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ហើយនឹងចាប់ដំណើរការចាក់ឡើងវិញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទុក ពេលវេលាជូនអាជ្ញាធរថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលរៀបចំក្រុមប្រជាជនដែល នៅក្នុងក្រុមអាយុនេះ ដើម្បីមកចាក់ទៅតាមថ្ងៃនីមួយៗវិញ។ រីឯវ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ក្រុមអាទិភាព ដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានរួចហើយនោះ នៅតែបន្តចាក់ដដែល ដោយមិនមានការផ្អាកនោះឡើយ។
២៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ។
៣៖ វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌា ដោយមានអាជ្ញាបណ្ណពី AstraZeneca «កូវីសែល (COVISHIELD)» ចាក់លើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដដែលនេះជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ៤ ទៅ ៨សប្តាហ៍ បន្ទាប់ពីថ្ងៃចាក់លើកទី១ កុំបីអាក់ខានឡើយ ហើយនឹងចាក់ជូនចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅដែលរៀបចំដោយអាជ្ញាធនមូលដ្ឋាន។
៤៖ ការចាក់វ៉ាក់សាំង នឹងប្រព្រឹត្តទៅដូចខាងក្រោមនេះ៖
៤.១៖ ចំពោះការចាក់វ៉ាក់សាំង AstraZeneca បន្តឡើងវិញនេះ អាជ្ញាធរមូលដ្ឋាន (ភូមិ/ឃុំ-សង្កាត់) នៃរាជធានី-ខេត្ត នឹងចុះស្រង់ស្ថិតិរួច ជូនលិខិតអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំង រៀងរាល់ម៉ោងធ្វើការ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងមន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិ ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ៖
* ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca នឹងត្រូវផ្តល់ជូនក្រុមមនុស្ស ដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ តែប៉ុណ្ណោះ។ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ បងប្អូនប្រជាពលរដ្ឋ ត្រូវភ្ជាប់មក ជាមួយនូវលិខិតអញ្ជើញ ដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងត្រូវបង្ហាញឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែនជាដើម ដើម្បីផ្ទៀងផ្ទាត់។
* ចំពោះវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ ហើយត្រូវបានកំណត់ផ្ដល់ជូនក្រុមមនុស្សអាទិភាព ដែលក្រសួងធ្លាប់បានចេញសេចក្ដីជូនព័ត៌មានពីមុនរួចមកដូចជា បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ ចំណុះស្នងការដ្ឋានរាជធានី-ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និងមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា អាជ្ញាធរមូលដ្ឋាន កម្មករ-កម្មការិនីប្រមូលសំរាម។ល។ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមមនុស្សអាទិភាពខាងលើ ត្រូវភ្ជាប់មកជាមួយនូវលិខិតអញ្ជើញ ដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន ឬ ក្រសួង-ស្ថាប័នសាមី ព្រមទាំងត្រូវបង្ហាញឯកសារសម្គាល់អត្តសញ្ញាណ ដូចជាបណ្ណមន្ត្រីរាជការ-កងកម្លាំង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែនជាដើម ដើម្បីផ្ទៀងផ្ទាត់។
៤.២៖ សម្រាប់មន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ស្នើសុំ
ឱ្យមានការរៀបចំជាក្រុមៗ និងមានបញ្ជីឈ្មោះត្រឹមត្រូវ ដែលសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
៤.៣៖ មន្ទីរពេទ្យកាល់ម៉ែត គឺជាទីកន្លែងដែលអនុញ្ញាតឱ្យចាក់សម្រាប់ឥស្សរជនជាន់ខ្ពស់ ដែលមានតួនាទីចាប់ពីថ្នាក់រដ្ឋលេខាធិការឡើង
ទៅ និងមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ តំណាងហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ។ ទីតាំង
មូលដ្ឋានសុខាភិបាលសាធារណៈ ដែលមានចាក់វ៉ាក់សាំងកូវីដ-១៩ មានក្នុងតារាងខាងក្រោមនេះ៖
* នៅថ្នាក់ជាតិ ទីតាំងចាក់វ៉ាក់សាំងនៅ ១. មន្ទីរពេទ្យកាល់ម៉ែត ២. មន្ទីរពេទ្យព្រះអង្គឌួង ៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤. មន្ទីរពេទ្យកុមារជាតិ ៥. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
* រាជធានីភ្នំពេញ ទីតាំងចាក់វ៉ាក់សាំងនៅ ១. មន្ទីរពេទ្យរាជធានីភ្នំពេញ ២. មន្ទីរពេទ្យបង្អែកព្រែកព្នៅ ៣. មន្ទីរពេទ្យបង្អែកច្បារអំពៅ ៤. មន្ទីរពេទ្យបង្អែកដង្កោ ៥. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ៦. មន្ទីរពេទ្យបង្អែកចតុមុខ ៧. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ៨. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។
* ខេត្តកណ្តាល ទីតាំងចាក់វ៉ាក់សាំងនៅ ១. មន្ទីរពេទ្យជ័យជំនះ ២. មន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល ៣. មន្ទីរពេទ្យបង្អែកស្អាង ៤. មន្ទីរពេទ្យបង្អែកពញាឮ ៥. មន្ទីរពេទ្យបង្អែកលើកដែក ៦.មន្ទីរពេទ្យបង្អែកកោះធំ ៧. មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី រការកោង ៨. មន្ទីរពេទ្យបង្អែកអង្គស្នួល ៩. មន្ទីរពេទ្យបង្អែកកៀនស្វាយ ១០. មន្ទីរពេទ្យបង្អែកល្វាឯម ១១. មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង។
* ខេត្តព្រះសីហនុ ទីតាំងចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
សូមជម្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តធ្វើនៅរាល់ថ្ងៃធ្វើការចាប់ពីម៉ោង ៨៖០០នាទី ព្រឹកដល់ម៉ោង ១៧៖០០នាទី ល្ងាច (ដោយសម្រាកពិសារអាហារថ្ងៃត្រង់ពីម៉ោង ១២៖០០ នាទី ដល់ម៉ោង ១៤៖០០ នាទី)។ ក្រសួងក៏សូមក្រើនរំលឹកដល់អ្នក ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការ ចាក់វ៉ាក់សាំងដដែលនេះជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ១៤ ទៅ ២៨ថ្ងៃ (មិនឱ្យលើសពី ២៨ថ្ងៃ បន្ទាប់ពីថ្ងៃចាក់លើកទី១ កុំបីអាក់ខានឡើយ។
ក្រសួងក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុមអាទិភាពផ្សេងៗទៀត ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យប្រសិនបើមិន
ទាន់ដល់វេនរបស់ខ្លួនទេនោះ សូមមេត្តារង់ចាំបន្តិចសិន ព្រោះវ៉ាក់សាំងមានចំនួនកំណត់ និងមកជាបន្តបន្ទាប់ទៀត៕