(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងអប់រំបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
ជាមួយគ្នានេះ ក្រសួងអប់រំ បានណែនាំឲ្យគ្រឹះស្ថានសិក្សាទាំងអស់ នៅទីតាំងដែលបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕