(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំការជួរមុខ នៅយោធភូមិភាគទី០៤ ខេត្តសៀមរាប។
ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កងកម្លាំងប្រដាប់អាវុធ និងជនអាទិភាពមួយចំនួននៅកម្ពុជា បានអនុវត្តដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
គិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៧៥,១៩៨នាក់ ខណៈចាក់លើកទី២ បានចំនួន៤៧០៩នាក់។
ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេស៖ អ្នកចាក់លើកទី១ សរុបចំនួន៖ ៣៣,២១១នាក់, អ្នកចាក់លើកទី២ សរុបចំនួន៖ ១១៦៥នាក់៕