បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចផ្អាកមិនឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩។
យោងតាមការជូនដំណឹង របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានឲ្យដឹងថា ដោយផ្អែកលើស្ថានភាពនៃការចម្លងជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ CNCC បានសម្រេចផ្អាកមិនឲ្យទស្សនិកជន ចូលទស្សនាផ្ទាល់នៅកីឡដ្ឋានទាំងការប្រកួតពានសម្ដេចតេជោ និងពានមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ គួរបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានដំណើរការប្រកួតចំនួន ៥សប្ដាហ៍មកហើយ មុនពេល និងអំឡុងពេលផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ចំណែកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគវិញ គ្រោងបើកការប្រកួតរដូវកាលថ្មីនាថ្ងៃទី០៦–០៧ ខែមីនាសប្ដាហ៍ក្រោយ ដូច្នេះការបើករដូវកាលថ្មីឆ្នាំនេះ នឹងធ្វើឡើងលក្ខណៈបិទទ្វារជាបណ្ដោះអាសន្ន មុនអនុញ្ញាតឲ្យអ្នកគាំទ្រ ១០% នៃចំនួនកៅអីតាមកីឡដ្ឋាននីមួយៗចូលទស្សនាវិញ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕