ភ្នំពេញ: នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ថែមកម្លាំងទៅការពារគោលដៅធ្វើចត្តាឡីស័កជូនដល់បណ្តាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ដើម្បីដឹកនាំកម្លាំងចុះអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតនោះ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេច បញ្ចេញកម្លាំងជិត៣០០នាក់បន្ថែមទៀត ដើម្បីប្រើប្រាស់ជួយដល់កម្លាំងនគរបាលតាមបណ្តាខណ្ឌ មួយចំនួនទៅលើការងារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅទីតាំងធ្វើចត្តាឡីស័ក និងទីតាំងដែលត្រូវបិទបណ្តោះអាសន្នជាប់ពាក់ព័ន្ធ និង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ឱ្យបានគត់មុតទប់ស្កាត់ចំពោះបុគ្គលដាក់ឱ្យធ្វើចត្តាឡីស័ក ដែលចង់គេចវេសមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលនោះ ខណៈទីតាំងផ្ទុះការរាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ បានកើនឡើងដល់ ៧៥កន្លែងហើយនោះ។
ឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ផែនការ និងបទបញ្ជាទៅលោកលោកស្រីស្នងការរង និងលោកអធិការទាំង១៤ខណ្ឌ ត្រូវដឹកនាំកម្លាំងការពារទីតាំធ្វើចត្តាឡីស័កទាំង៧៥កន្លែង ចុះអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមិនត្រូវធ្វេសប្រហែសនោះឡើយ «ហើយក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពារធ្វេសប្រហែសបង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករត់គេចមិនបានទប់ស្កាត់ទាន់ពេលវេលា ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើនិងចំពោះមុខច្បាប់»។
ជាមួយគ្នានោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងការពារទីតាំង ធ្វើចត្តាឡីស័កទាំងអស់«ក្នុងករណី ដែលមានជនបរទេសមិនស្តាប់ ឬរឹងទទឹងមិនអនុវត្តតាមអាជ្ញាធរដែនដី និងគ្រូពេទ្យ ត្រូវចូលវាយខ្នោះហើយសុំគោលការថ្នាក់លើបញ្ជូនទៅអគ្គនាកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាតែម្តង»។
សូមបញ្ជាក់ថា ជុំវិញបញ្ហាបុគ្គលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលនៃការទប់ស្កាត់កុំឱ្យរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្តតាមវិធានរបស់សុខាភិ បាលកម្ពុជា។
ការផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់នេះ បានធ្វើឡើងក្រោយសំណើសុំគោលការណ៍អនុវត្តច្បាប់ ចំពោះបុគ្គលមិនអនុវត្តការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់កិច្ច សម្ភាសន៍និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមលើអនុក្រិត្យលេខ២៧ អនក្រ. បក។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ វិធានការដែលរាជរដ្ឋាភិបាលបានយល់ព្រមលើចំណាត់ការបុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាលរួមមាន៖ ទី១,ចំពោះជនបរទេស ត្រូវបណ្តេញចេញ ពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។ ទី២,ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់និងទី៣, ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងនោះចោល៕