(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕