បាល់ទាត់៖ ក្រុមបាល់ទាត់ខេត្តកំពង់ចាម បានស្គាល់ជ័យជម្នះលើកដំបូង ជាមួយការធ្វើបានយ៉ាងល្អលើទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមភ្ញៀវខេត្តកណ្ដាលក្នុងលទ្ធផល ៦–០ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ កាលពីថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ។
ការប្រកួតនៅទីលានវិទ្យាល័យព្រះសីហនុនេះ កំពង់ចាមបានព្យាយាមដាក់សម្ពាធលើគូប្រកួតយ៉ាងខ្លាំង ដោយវគ្គទី១ ពួកគេបានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ៣គ្រាប់មុន ដោយកីឡាករ គាត លឹមទី ម្នាក់ឯង ខណៈ ៣គ្រាប់ទៀតកើតឡើងនៅវគ្គទី២ ដែលធ្វើសម្រេចកីឡាករ ប៉ា បញ្ញា និង លី អាណាវី ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់ទៀតគឺជាគ្រាប់ស៊ុតបញ្ចូលទីខ្លួនឯង ពីសំណាក់ខ្សែការពារខេត្តកណ្ដាល។ សម្រាប់ការរកបាន ៣ពិន្ទុពេញដំបូងនេះ នាំឲ្យខេត្តកំពង់ចាមរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ននៅក្នុងពូល D បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងស្មើ ១ ស្របពេលខេត្តកណ្ដាលនៅតែបន្ដឈរបាតតារាង និងមិនទាន់មានពិន្ទុរាប់ឡើយ បន្ទាប់ពីបរាជ័យក្នុងការប្រកួតលើកដំបូងរបស់ខ្លួន៕