(ការ៉ាកាស់)៖ វេណេស៊ុយអេឡានៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានបណ្ដេញអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំទីក្រុងការ៉ាកាស់ចេញពីប្រទេស ដោយទុកពេល ៧២ម៉ោង ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសវេណស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានប្រកាសពីការបណ្ដេញលោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុប អ៉ីហ្សាប៊ែល ប្រ៊ីលហាន់ ផេដ្រូសា (Isabel Brilhante Pedrosa) ចេញពីប្រទេស តែរយៈពេល ០២ថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេសអឺរ៉ុប ឯកភាពគ្នាដាក់ទណ្ឌកម្មមន្ត្រី ១៩រូប នៃរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ សម្រាប់ការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
លោក Arreaza បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នៅថ្ងៃនេះ តាមរយៈការសម្រេចចិត្តរបស់ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ យើងសូមប្រកាសថា លោកស្រី Isabel Brilhante ជាមនុស្សមិនត្រូវបានទទួលការស្វាគមន៍ ដោយលោកស្រីមានពេល ៧២ម៉ោង ដើម្បីចាកចេញពីទឹកដីវេណេស៊ុយអេឡា»។ សហភាពអឺរ៉ុប បានសម្ដែងការសោកស្ដាយ និងបានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងការ៉ាកាស់ លុបចោលការសម្រេចចិត្តនេះវិញ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ លោក ម៉ាឌូរ៉ូ ក៏ធ្លាប់បានបង្គាប់ឱ្យបណ្ដេញលោកស្រី Isabel Brilhante Pedrosa ចេញពីប្រទេសផងដែរ ក្រោយសហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ ប៉ុន្តែនៅពេលនោះលោក ម៉ាឌូរ៉ូ បានលុបចោលការសម្រេចចិត្តនេះវិញ៕