(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៥នាក់ ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់ទៀតនោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺដែលរកឃើញវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ទាំង២៣នាក់ ក្នុងនោះមាន២២នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិខ្មែរ។ ក្នុងចំណោមអ្នកជំងឺ២៣នាក់ មាន២១នាក់ ត្រូវបានដាក់ឲ្យសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណៈ២នាក់ទៀត មានម្នាក់ទាក់ទងទាន់មិនបាន និងម្នាក់ទៀតមិនព្រមមកសម្រាក នៅមន្ទីរពេទ្យដោយសំអាងថា មានកូនតូចនៅជាមួយ។
ដោយឡែកសម្រាប់អ្នកជំងឺវិជ្ជមាន២នាក់ផ្សេងទៀត ដែលធ្វើដំណើរមកពីក្រៅប្រទេស គឺជាជនជាតិខ្មែរ បម្រើការងារនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN) ដែលបច្ចុប្បន្នពួកគេទាំង២នាក់ កំពុងសម្រាកព្យបាល នៅសាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ។
លើសពីនេះទៅទៀតនោះ ករណីវិជ្ជមានកូវីដ១៩ ចំនួន២៥នាក់នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលរកឃើញប្រភេទវីរុសបម្លែងថ្មីចំនួន ៣ករណីផងដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ បច្ចុប្បន្ន និងវីរុសកូវីដ១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្ម នៅបណ្តាប្រទេសនៅលើពិភពលោក និងនៅក្នុងតំបន់។ ថ្មីៗនេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើង។ ទោះបីប្រទេសកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ក៏ដោយក៏ហានិភ័យនៃការចម្លងវីរុសដ៏កាចសាហាននេះ នៅតែមានខ្ពស់ ហើយស្ថានភាពបច្ចុប្បន្ន គឺមានសភាពរាតត្បាតធំជាង និងសាំញុំាជាង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កន្លងទៅពិសេស ការចម្លងប្រភេទវីរុសបម្លែងថ្មី ដែលការចម្លងរបស់វា មានសភាពសាហាវ និងលឿនជាងធម្មតា។
ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់យកនូវការប្រុងប្រយ័ត្នខ្លួនជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ សហការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវវិធានសុខាភិបាល។
ជាមួយគ្នានេះក្រសួងសុខាភិបាល បានអំពាវនាដល់អ្នកដែលពាក់ព័ន្ធបុគ្គលដែលពាក់ព័ន្ធព្រឹត្តិការណ៍ ឬដឹងខ្លួនថា ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ មានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនមានអាការមិនស្រួលខ្លួន ដូចជាឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី៕