(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «មិនមានជាការលាក់បាំងទេ រឿងរ៉ាវចាប់ផ្តើមពីបងប្អូន ដែលបានទៅសុំលិខិតធ្វើតេស្តកូវីដ១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្តែគាប់ជួននៅពេលនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ១៩។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញ ហើយយប់មិញនេះ យើងបានធ្វើតេស្តទាំងយប់ គឺមាន២៨ករណី ប៉ុន្តែអំបាញ់មិញនេះ យើងបានរកឃើញ៤ករណីផ្សេងទៀត ដូច្នេះមិនដឹងថា ការវិវត្តន៍នេះវាទៅដល់ណា? ចំណុចចាប់ផ្តើម គឺនៅក្លិប N8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានយ៉ាងល្អ ពីការរីករាលដាលជំងឺកូវីដ១៩ ពីប្រទេសថៃ និងវៀតណាម ប៉ុន្តែបែរជាអកុសល ផ្ទុះករណីសហគមន៍នៅរាជធានីភ្នំពេញ នៅពេលនេះទៅវិញ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រហូតដល់ពេលនេះក្លិប N8 និងកន្លែងមួយចំនួនទៀត ត្រូវបានបិទ ដើម្បីស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ មកធ្វើតេស្តរកជំងឺកូវីដ១៩នេះ។
សម្តេចតេជោបានថ្លែងទៀតថា សម្រាប់អ្នករកឃើញឆ្លងកូវីដ១៩ ថ្មីទាំង៣២នាក់នេះ ភាគច្រើនជាជនជាតិចិន។ ត្រង់ចំណុចនេះសម្តេចអំពាវនាវ កុំឲ្យមានការរើសអើង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕