(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ៣-១ ទៅលើក្រុមម្ចាស់ផ្ទះស្ករគ្រាប់ Everton បានធ្វើឲ្យ Manchester City បង្កើននាំមុខកំពូលតារាង Premier League ដាច់ ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី២៤ ជើងទី២។
ការស៊ុតបញ្ចូលទីបានម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Phil Foden, Ryahd Mahrez និង Bernado Silva បានធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Pep Guardiola បន្តរកបានជ័យជម្នះលើកទី១៧ជាប់ៗគ្នាគ្រប់កម្មវិធីប្រកួត និងមាន ៥៦ពិន្ទុឈរនៅកំពូលតារាងលីគអង់គ្លេស នៅពេលក្រុមលេខ២ បិសាចក្រហម Manchester United មានតែ ៤៦ពិន្ទុប៉ុណ្ណោះ។
កីឡាករខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Recharlison រកបានតែ ១គ្រាប់ដែលជាគ្រាប់តាមស្មើ ១-១ នៅក្រោយពេល កីឡាករវ័យក្មេងអង់គ្លេស Foden រកបានគ្រាប់នាំមុខក្នុងកីឡដ្ឋាន Goodison Park នៅរាត្រីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ដែលជាការរបូតគ្រាប់បាល់លើកដំបូងផងដែរ (Concede) របស់ក្រុមរងជើងឯកឆ្នាំទៅ Man City គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មក។
លោក Carlo Ancelotti អ្នកចាត់ការទូទៅក្លិបស្ករគ្រាប់ Everton បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា «វាមិនអាចទៅរួចទេ ក្នុងការបង្អាក់ Man City ដើម្បីនាំមុខកំពូលតារាងកើនដល់ ១០ពិន្ទុនោះ ក៏ព្រោះតែពួកគេជាក្រុមដែលល្អបំផុត ពោរពេញដោយកីឡាករវ័យក្មេងៗលេងល្អ បទពិសោធ និងគ្រូបង្វឹកល្អទៀតនោះ»៕