បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eliel Da Cruz Guardiano បានត្រឡប់មកបង្កព្យុះភ្លៀងក្នុងក្របខណ្ឌលីគកំពូលកម្ពុជាវិញហើយ ដោយចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរ បន្ទាប់ពីរូបគេធ្លាប់ចំណាយពេល ១រដូវកាលជាមួយក្លិបវិសាខាកាលពីឆ្នាំ២០១៩ កន្លងទៅ។
Da Cruz បានក្លាយជាកីឡាករបរទេសទី៤ របស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបេឡារុស្ស Maksim Taleyko, ខ្សែបម្រើសញ្ជាតិជប៉ុន Kosuke Uchida និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិតុងហ្គា ATA Inia ដែលក្លិបបានប្រកាសនាំចូលត្រៀមរដូវកាលឆ្នាំ២០២១ កាលពីថ្មីៗ។ ជាមួយការត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញនេះ ខ្សែប្រយុទ្ធមាឌធំ Da Cruz បានសម្ដែងនូវក្ដីរីករាយចំពោះការចូលរួមជាមួយអង្គរថាយហ្គឺរ ហើយរូបគេបានប្ដេជ្ញាចិត្តនឹងខិតខំ ហើយប្រយុទ្ធគ្រប់ពេលដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលល្អ ហើយឈានទៅប្រជែងជើងឯកជូនក្លិប និងអ្នកគាំទ្ររបស់ខ្លួន។
អតីតសមាជិកក្លិបលីគកំពូលម៉ាឡេស៊ី Perak FA រូបនេះគឺខ្សែប្រយុទ្ធមានបទពិសោធជោគជាំ ធ្លាប់លេងឲ្យក្លិបជាច្រើនទាំងនៅអឺរ៉ុប និងនៅអាស៊ី ពិសេសកាលពីឆ្នាំ២០១៩ Da Cruz បានរួមចំណែកជួយវិសាខាឈ្នះជើងឯករង ជាមួយការស៊ុតបំប៉ោងសំណាញ់ទីគូប្រកួតសរុប ២៥គ្រាប់ឯណោះ មុនគេត្រឡប់ទៅលេងឲ្យក្លិបក្របខណ្ឌលីគទី២ នាប្រទេសកំណើតខ្លួនវិញកាលពីឆ្នាំ២០២០ កន្លងទៅ៕