(រ៉ង់ហ្គូន)៖ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតស្ទើរទូទាំងប្រទេស និងការដាក់ពង្រាយកងទ័ព នៅទូទាំងទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ចាប់ពីពេលទាបភ្លឺថ្ងៃចន្ទនេះ គឺជាសញ្ញានៃការត្រៀមបង្រ្កាប ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានប្រើកម្លាំងបាញ់បំបែកបាតុកម្ម នៅភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋាភិបាលយោធាបានបង្កើនការដាក់សំពាធយ៉ាងខ្លាំង ទៅលើក្រុមបាតុករ ដែលកំពុងទាមទារឲ្យដោះលែង លោកស្រី អោង សាន ស៊ូ ជី ដែលត្រូវបានទម្លាក់ចេញពីតំណែង។ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិត ស្ទើរគ្រប់ច្រកល្ហកនៅថ្ងៃចន្ទនេះ និងការស្នើសុំឲ្យមានអ្នកសង្គេតការណ៍ មកពីអង្គការសហប្រជាជាតិ (UN) ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរូបភាពផ្សាយផ្ទាល់ (live-stream images) ដែលត្រូវបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីរថពាសដែកយោធា និងទាហានធ្វើដំណើរឆ្លងកាត់ ទីក្រុងមួយចំនួននៃប្រទេស។
ក្រុមអ្នកជំនាញសង្កេតការបិទបណ្តាញអ៊ីនធើណិត (NetBlocks) បានគូសបញ្ជាក់ថា «ការបញ្ជាឲ្យកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតនៅទូទាំងរដ្ឋនេះ» បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ស្ទើរតែគ្មានអ៊ីនធើណិតប្រើប្រាស់ទាល់តែសោះ។ ប៉ូលីសនៅទីក្រុង ម្យីតគ្យីណា (Myitkyina) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់មកបានបាញ់កាំភ្លើងទៅលើក្រុមមនុស្សម្នា ដែលប្រមូលផ្តុំគ្នានៅទីក្រុងស្ថិតក្នុង កាឈីន (Kachin) ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់ពាក្យចចាមអារ៉ាម អំពីការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតនេះ។
គួរបញ្ជាក់តាមអ្នកសារព័ត៌មានម្នាក់ ដែលស្ថិតនៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គេមិនទាន់ច្បាស់ទេថា តើប៉ូលីសបានប្រើគ្រាប់កាំភ្លើងជ័រ ឬគ្រាប់កាំភ្លើងពិត នៅក្នុងការបាញ់បង្ក្រាបខាងលើ ហើយយ៉ាងហោចណាស់អ្នកកាសែត ០៥នាក់ត្រូវបានចាប់ឃុំឃាំង ជុំវិញការផ្សព្វផ្សាយរូបភាព មនុស្សមួយចំនួនដែលបានទទួលរងរបួស នៅក្នុងហេតុការណ៍នោះ៕