(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បានអំពាវនាវឱ្យសភាទាំង២ របស់សហរដ្ឋអាមេរិក អនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ប្រកបដោយសុភវិនិច្ឆ័យ កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលត្រូវនឹងថ្ងៃខួបលើកទី ៣ នៃការបាញ់ប្រហារនៅវិទ្យាល័យ ម៉ាចូរី ស្តូនមែន ដូកក្លាស (Marjory Stoneman Douglas) ក្នុងទីក្រុង ផាកឡេនដ៍ (Parkland) រដ្ឋផ្ល័ររីដា (Florida)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យសភា អនុម័តលើការធ្វើកំណែទម្រង់ ច្បាប់គ្រប់គ្រងអាវុធប្រកបដោយសុភវិនិច្ឆ័យ ក្នុងនោះរួមមានការតម្រូវឱ្យត្រួតពិនិត្យប្រវត្តិបុគ្គល, ហាមឃាត់កាំភ្លើងដែលមានសមត្ថភាពខ្ពស់… ហើយរដ្ឋបាលមួយនេះ នឹងមិនរង់ចាំរហូតដល់មាន ការបាញ់ប្រហារយ៉ាងរង្គាលកើតឡើងជាថ្មី ទើបអំពាវនាវឱ្យធ្វើកំណែទម្រង់នោះឡើយ»។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅឯវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានផ្ដាច់ជីវិតមនុស្ស ១៧នាក់ និងបានក្លាយជាការជំរុញកាន់តែខ្លាំង ឱ្យមានកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ នៅក្នុងសហរដ្ឋអាមេរិក ចាប់ពីពេលនោះមកដែរ៕