ឥណ្ឌា៖ មនុស្ស ៩នាក់ត្រូវបានគេអះអាងថាបានស្លាប់ និងយ៉ាងហោចណាស់ ១៤០នាក់បានបាត់ខ្លួននៅភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីផ្ទាំងទឹកកកភ្នំហិម៉ាល័យបានបាក់ ហើយបានបំផ្លាញទំនប់វារីអគ្គិសនីកាលពីថ្ងៃអាទិត្យ ដោយទឹកជំនន់បង្ខំឲ្យមានការជម្លៀសក្រុមអ្នកភូមិ នៅផ្នែកខាងក្រោម។
បុរសម្នាក់ត្រូវបានទាញចេញពីសំណាត់នៅមានជីវិតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីផ្នែកមួយនៃផ្ទាំងទឹកកកភ្នំបានបាក់នៅក្នុងប្រទេសឥណ្ឌា។ លោក Surjeet Singh ជាមន្ត្រីនគរបាលបាននិយាយថា សាកសព ៩នាក់ត្រូវបានរកឃើញ ស្របពេលប្រតិបត្តិការជួយសង្គ្រោះកំពុងតែសម្រុកខ្លាំងឡើង។ ទឹកជំនន់បណ្ដាលមកពីផ្នែកមួយនៃផ្ទាំងទឹកកក Nanda Devi បានបាក់នៅតំបន់ Tapovan នៃរដ្ឋ Uttarakhand ភាគខាងជើងកាលពីព្រឹកថ្ងៃអាទិត្យ ដោយបណ្ដាលឲ្យមានទឹកជំនន់ និងកម្ទេចកំទីជាច្រើនបានបាក់ចូលទៅក្នុងទំនប់ចំនួន ២ និងធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋមួយចំនួន។ វីដេអូមួយដែលត្រូវបានចែករំលែកដោយមន្ត្រី និងថតចេញពីចំហៀងនៃជម្រាលភ្នំ បង្ហាញពីរបាំងទឹកហូរចូលទៅក្នុងទំនប់មួយ ហើយកម្លាំងទឹកបានវាយបំបែកទៅជាបំណែកៗ៕