(ភ្នំពេញ)៖ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗបបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ជំហានដំបូងសម្រាប់កម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះនេះ។
ឆ្លើយនឹងសំណួរបណ្តាញព័ត៌មានក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមឱ្យក្រសួងសុខាភិបាល ចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះ ជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំង ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់មិនដឹងថា ទៅទីកន្លែងណាខ្លះទេ អញ្ចឹងខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំចុះ មកទទួលវ៉ាក់សាំង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង។ បន្ថែមពីនេះ ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន ក៏អាចទំនាក់ទំនងក្រសួងសុខាភិបាលផ្ទាល់ផងដែរ។
យោងតាមក្រសួងព័ត៌មាន, បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចំនួន ៣១០ គេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុរួមទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)ផងដែរ។ ក្រសួងព័ត៌មាន បានចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិ បានចំនួនជាង៣ពាន់ប័ណ្ណផងដែរ៕