គុនចម្រុះ៖ កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានបង្ហើបបំណងប្រាថ្នាដ៏ធំមួយ ក្រោយផ្ដួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ត្រឹមទឹកទី២ ក្នុងព្រឹត្តិការណ៍ ONE: UNBREAKABLE II នៅសិង្ហបុរីកាលពីចុងសប្ដាហ៍កន្លងទៅ ដោយនាងចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ Flyweight ទី១ ប្រចាំស្ថាប័នប្រដាល់អន្តរជាតិនេះ។
កីឡាការិនីសម្បុរស្រអែមរូបនេះបានបញ្ជាក់ថា ការទទួលបានជ័យជម្នះលើកីឡាការិនីកូរ៉េខាងត្បូង ដែលជាកំណត់ត្រាថ្មីក្នុងការផ្ដួលគូប្រកួតត្រឹមទឹកទី២ គឺជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរយៈពេល ១ឆ្នាំពេញកាលពីឆ្នាំ២០២០ ដែលនាងមិនបានឡើងប្រកួតដោយសារកូវីត–១៩ ហើយជ័យជម្នះនេះបានធ្វើឲ្យនាងមានមោទនភាពជាខ្លាំង សម្រាប់គុនខ្មែរ។ ដោយឡែកពាក់ព័ន្ធនឹងមហិច្ឆតា ក្នុងការបង្ហាញខ្លួនលើសង្វៀន ONE វិញត្រូវបាន អែម សុវណ្ណារី បញ្ជាក់ថា គោលដៅរបស់នាងក៏មិនខុសពីអត្តពលិកដទៃដែរ ពោលគឺចង់ឈ្នះខ្សែក្រវាត់ពិភពលោក ហើយបើអាចគឺនាងចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ Flyweight ទី១ ប្រចាំស្ថាប័នប្រដាល់ ONE Championship ហើយនាងនឹងព្យាយាមបន្ថែមទៀត ដើម្បីសម្រេចក្ដីស្រម៉ៃមួយនេះ។
គួរបញ្ជាក់ថា អែម សុវណ្ណារី គឺជាកូនខ្មែរកើតនៅអាមេរិក ដោយឪពុក-ម្ដាយរបស់នាងសុទ្ធតែជាខ្មែរ ហើយនាងបានបង្ហាញសេចក្ដីសោមនស្សរីករាយជាខ្លាំង ចំពោះការមានឱកាសបង្ហាញខ្លួនលើសង្វៀនលំដាប់ពិភពលោក ក្នុងនាមកីឡាការិនីតំណាងប្រទេសកំណើតឪពុក-ម្ដាយខ្លួន។ សុវណ្ណារី មានប្រវត្តិប្រកួត ៥លើក ឈ្នះ៤ និងចាញ់១ ខណៈជ័យជម្នះរបស់នាងសុទ្ធតែផ្ដួលគូប្រកួតត្រឹមទឹកទី១ ឬទឹកទី២៕