(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតឥណ្ឌាបាន បញ្ជាក់ថា៖ «ស្ថានទូតឥណ្ឌាភ្នំពេញ មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេច ផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងស្ថានភាពបន្ទាន់។ ការផ្តល់ការផ្គត់ផ្គងនេះ គឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី ណារិន្ត្រា ម៉ូឌី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩»។
«ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ។ ការសំរេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត របស់ឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និង ជាការយកចិត្តទុកដាក់ចំពោះ សុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយ លោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីប្រទេសឥណ្ឌា។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរប្រទេសឥណ្ឌា ដែលផលិតបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។