(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គម Facebook ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !
វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូង នៃជំនួយចំនួន១លានដូស។
ម៉ោង៨៖៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះ នឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅ នៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាល ដែលប្រទេសចិន កំពុងផ្ទុះឡើងនៃជំងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។
សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលរូបខ្ញុំ និងគណៈប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផង អោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិនជាមិត្ត»៕