ភ្នំពេញ៖ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ–១៩ ពីប្រទេសចិន នឹងដឹកមកដល់កម្ពុជា នាអំឡុងខែកុម្ភៈនេះ កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដឹករក្សាទុក និងការត្រៀមចាក់វ៉ាក់សាំង ដល់កងទ័ព និងអ្នកប្រឈមមុខ។
មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាក្រុមគ្រូពេទ្យ នាថ្ងៃទី០៣ ខែកុម្ភៈនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងដំណាក់កាលទី១ នឹងត្រូវដឹកមកដល់កម្ពុជា នាចុងសប្ដាហ៍នេះ។
ក្នុងចំណោមជំនួយវ៉ាក់សាំងរបស់ចិន ដែលដឹកមកកម្ពុជាលើកដំបូង ៦០ម៉ឺនដូសនេះ នឹងត្រូវចាក់ជូនដល់កងទ័ពចំនួន១៥ម៉ឺននាក់ ស្មើនឹង៣០ម៉ឺនដូស ជាដំណាក់កាលដំបូង បន្ទាប់មកទៀត គឺគ្រួសាររបស់គាត់ និងអ្នកជុំវិញ។ លើសពីនេះ សម្តេចពិជ័យបន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានត្រៀមរួចរាល់នូវរថយន្ត និងសម្ភារៈបរិក្ខារ សំរាប់ដឹកជញ្ជូន រក្សាទុក និង ការត្រៀមចាក់វ៉ាក់សាំង ដល់កងទ័ពផងដែរ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការនាថ្ងៃទីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។
ក្នុងនោះ ទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់ ១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។
បើតាមបទដ្ឋានជ្រើសរើសមនុស្សសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ គឺមិនត្រូវអនុវត្តលើបុគ្គលដែលមានអាការៈដូចជា៖ ស្ត្រីមានមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ មនុស្សដែលមានអាយុក្រោម១៨ឆ្នាំ អ្នកមានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺថ្លើម ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជម្ញឺប្រកាច់ និងជំងឺឆ្កួតជ្រូកជាដើម៕