មីយ៉ាន់ម៉ា៖ ឧត្តមសេនីយ៍យោធា លោក Min Aung Hlaing បាននិយាយកាលពីថ្ងៃអង្គារថា ការបណ្តេញរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi ដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺមិនអាចជៀសផុតបានទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានកំណត់ជាផ្លូវការ នូវការដណ្ដើមក្ដោបក្ដាប់អំណាចនេះថា ជារដ្ឋប្រហារ។
យោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រទេសនេះកាលពីថ្ងៃច័ន្ទ នៅពេលដែលខ្លួនបានចាប់ឃុំខ្លួនលោកស្រី Aung San Suu Kyi និងមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យមួយចំនួនទៀត ក្នុងការវាយឆ្មក់មុនពេលថ្ងៃរះមុនពេលការបន្តសភា បើកឡើងវិញតាមការគ្រោងទុក។ នាយឧត្តមសេនីយ៍ Min Aung Hlaing បានផ្តល់ឲ្យនូវអំណាចនីតិបញ្ញត្តិ ប្រព័ន្ធយុត្តិធម៌ និងនីតិប្រតិបត្តិ ដែលធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាវិលទៅរកការគ្រប់គ្រង ដោយយោធាប្រកបដោយប្រសិទ្ធភាពវិញ បន្ទាប់ពីការសាកល្បងរយៈពេល ១០ឆ្នាំជាមួយលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីអត្ថាធិប្បាយជាសាធារណៈ លើកដំបូងរបស់លោកចាប់តាំងពីរដ្ឋប្រហារមក លោកឧត្តមសេនីយ៍រូបនេះបាននិយាយថា ការក្ដោបក្ដាប់អំណាចដោយយោធាគឺ “ស្របតាមច្បាប់” បន្ទាប់ពីរដ្ឋាភិបាលបានបរាជ័យក្នុងការឆ្លើយតប ចំពោះក្ដីបារម្ភរបស់ខ្លួនជុំវិញការលួចបន្លំសន្លឹកឆ្នោត៕