ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបាន ជំរុញដល់កម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវពង្រឹងសន្តិសុខ ការពារថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ ក្នុងបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នៅពេលខាងមុខនេះ និងត្រូវចាត់វិធានការ ចំពោះក្មេងទំនើងដែលបង្កអសន្តិសុខ ដោយមិនត្រូវលើកលែងថា ក្មេងនោះជាកូនអ្នកតូចឬអ្នកធំនោះឡើយ។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក ស ថេត បានលើកឡើងថា ត្រូវធានាឱ្យបាននូវសុខសុវត្ថិភាពគ្រប់គ្រាន់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយនាគ្រានោះ ហើយក្នុងនោះ អនុវត្តវិធានការស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងត្រៀមអន្តរាគមន៍ទៅលើបបញ្ហាអគ្គីភ័យ ដែលនឹងកើតឡើងដោយប្រការណាមួយនោះ។
ការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ គឺបានធ្វើឡើងនៅក្នុងពីធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្ដិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១៧រូប នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក ដែលតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក។
ឧត្ដមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់ត្រូវចាត់វិធានការទប់ស្កាត់ចំពោះក្មេងទំនើង ដែលដុតប៉ាវឬជិះម៉ូតូបង្កសំឡេងលើសកម្រិតរំខាន ដល់ប្រជាពលរដ្ឋ និងបង្កប៉ះពាល់សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ហើយការអនុវត្តចំពោះក្មេងទំនើងត្រូវធ្វើឱ្យបានម៉ឺងម៉ាត់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រូវយោគយល់ក្មេងទំនើងបង្កទាំងនោះជាកូនអ្នកមាន អ្នកតូច រឺអ្នកធំណានោះឡើយ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងដំឡើងឋានន្តរសក្ដិសរុប២១៧ ដោយក្នុងនោះ ប្រកាសមុខតំណែង៨៦រូបនិងតំឡើងឋានន្តរសក្តិ១៣១រូប។ ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចលោកស្នងការរង ០៥រូប,ថ្នាក់នាយរងការិយាល័យជំនាញ ២៦រូប,ថ្នាក់អធិការរង ៣១រូប ,ថ្នាក់នាយផ្នែកការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៨រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល០៥រូប និងបានប្រកាសដំឡើងឋានន្តរសក្ដិថ្នាក់វរសេនីយ៍ឯក០៥រូប,ថ្នាក់វរសេនីយ៍ទោ ៤៨រូបនិងថ្នាក់វរសេនីយ៍ត្រី ៧៧រូប៕